ភ្នំពេញៈ តំណាងពលរដ្ឋ៤នាក់ បានឲ្យដឹងថា ក្រុមហ៊ុនសេវេនអេនជី (7NG) របស់ឧកញ៉ា ស្រី សុធា បានផ្ដល់សិទ្ធិឱ្យកូនចៅ និងបក្ខពួកខ្លួន ប្ដឹងតំណាងប្រជាពលរដ្ឋចំនួន៤នាក់រស់នៅក្នុងបុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ទៅតុលាការ ដោយមានពាក្យបណ្ដឹងយ៉ាងហោចណាស់១៣ពាក្យបណ្ដឹង ជាពិសេសបានគំរាមផ្ដាច់សេដ្ឋកិច្ចតាមរយៈការមិនជួលតូបឱ្យលក់ដូរបន្តទៀត។
ពលរដ្ឋខាងលើបាននិយាយថា កិច្ចខិតខំប្រឹងប្រែងការពារថែរក្សប្រយោជន៍សាធារណៈ ពួកគាត់ទាំង៤នាក់បាននាំគ្នាដាក់ពាក្យ ស្នើសុំបទអន្តរាគមន៍ ទៅលោកអភិបាល រាជធានីភ្នំពេញ និងលោកអភិបាល ខណ្ឌពោធិសែនជ័យ ឱ្យជួយធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការដែលមានពាក្យបណ្ដឹងជុំទិសនោះមកនៅចំពោះមុខអាជ្ញាធរវិញ។
ប្រជាពលរដ្ឋរស់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ យ៉ាងតិច៥៩៨នាក់ បានផ្តល់សិទ្ធិឱ្យតំណាង៤នាក់ធ្វើការដោះស្រាយតាមផ្លូវច្បាប់ពីរឿងការលក់ដីចំណតរថយន្តក្រុង នៃសហគមន៍ដីក្រហម។
តំណាងពលរដ្ឋទាំង៤នាក់មានលោក ឃិន ដា, លោកស្រី ប៉ោ ណារ័ត្ន,លោកស្រី ណុប ភត្រា និងលោកស្រី គង់ ស្រីណា។ នៅក្នុងពាក្យស្នើសុំបទអន្តរាគមន៍ទៅ អភិបាល រាជធានីភ្នំពេញ និងអភិបាល ខណ្ឌពោធិសែនជ័យ មាន៤ទំព័រចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានឈ្មោះ មានស្នាមមេដៃ និងលេខទូរស័ព្ទ ផងដែរ។ ដីចំណតរថយន្តក្រុងនៅជាប់ផ្លូវបេតុង៣០ម៉ែត្រនេះមានទំហំ៧៦ម៉ែត្រ គុណនឹង១៩ម៉ែត្រ។ វាជាដីមានតម្លៃខ្ពស់នៅក្នុងទីផ្សារសេរីបច្ចុប្បន្ន។
កម្មវត្ថុ នៃលិខិតនោះបានលើកឡើងថា «ស្នើសុំ លោកអភិបាល និងលោកអភិបាលខណ្ឌ មេត្តាជួយពិនិត្យលើការទិញលក់ដីដែលជាចំណតរថយន្តក្រុងសាធារណៈស្ថិតក្នុង បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ របស់បក្ខពួកឈ្មោះ គឹម យ៉ាន ជាមួយក្រុមហ៊ុន7NG និងដោះស្រាយការរំលោភកិច្ចសន្យាជួលតូបរបស់ ក្រុមហ៊ុន7NG »។
ក្រុមពលរដ្ឋរស់នៅភូមិនិងសង្កាត់ខាងលើណាដែលហ៊ានចេញមុខតវ៉ាពីការលក់ដីចំណតរថយន្តក្រុងសាធារណៈ ត្រូវគេធ្វើទុក្ខបុកម្នេញគ្រប់រូបភាពជាពិសេស គេព្រួតគ្នាប្ដឹងទៅតុលាការដើម្បីបំបាក់ស្មារតីដោយចោទប្រកាន់ ពីបទរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ហើយទារសំណងចាប់ពី២០ម៉ឺនដុល្លារឡើងទៅ។
ក្នុងលិខិតអន្តរាគមន៍ បានរៀបរាប់ដំណើររឿងថា ចាប់តាំងពី ឆ្នាំ២០១៧ មកក្រុមហ៊ុន7NG មានបំណងចង់ពុះដីដែលជា ចំណតរថយន្តក្រុងសាធារណៈ លក់ដោយអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ។
ទើបពួកយើងខ្ញុំធ្វើការប្ដឹងតវ៉ាទៅអាជ្ញាធរដើម្បីទប់ស្កាត់ការលក់ដីសាធារណៈ ហើយសាលា ខណ្ឌដង្កោ ក៍បានចេញលិខិតជូនដល់ លោកឧកញ៉ា ស្រី ចាន់ថន ឱ្យរុះរើលូ និងថ្ម ដែលនៅលើចំណតរថយន្តសាធារណៈតែម្ដង។
ក្នុង ឆ្នាំ២០១៧ នោះដែរសាលា រាជធានីភ្នំពេញ បានសម្រេចបង្កើតរថយន្តក្រុងសាធារណៈ ហើយដាក់ឱ្យដំណើរការរហូតដល់ ឆ្នាំ២០១៩ដោយមានបញ្ហា កូវីដ១៩ ទើបរថយន្តក្រុងបានផ្អាក ហើយមានឈ្មោះ គឹម យ៉ាន ,ឈ្មោះ គឹម ឆន និងបក្ខពួក បានព័ទ្ធរបងជុំវិញទីតាំង ដីចំណតរថយន្តក្រុងសាធារណៈ ហើយបង្ហាញលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីតាំងពី ឆ្នាំ២០១៤។
ប៉ុន្តែឈ្មោះ គឹម យ៉ាន ,ឈ្មោះ គឹម ឆន និងបក្ខពួកក៍បានចូលរួមតវ៉ាលើការរំលោភកិច្ចសន្យារបស់ ក្រុមហ៊ុន7NG នោះដែរ ដែលលក់ដីចំណតឡានក្រុងក្នុង ខែកុម្ភៈ ឆ្នាំ២០១៨ តែបែរជានៅ ឆ្នាំ២០១៩ឈ្មោះ គឹម យ៉ាន, ឈ្មោះ គឹម ឆន និងបក្ខពួកមកបង្ហាញថា ពួកគាត់បានទិញដីនោះតាំងពី ឆ្នាំ២០១៤ ទៅវិញ។
បន្ទាប់មកឈ្មោះ គឹម ឆន ដែលជាប្រពន្ធឈ្មោះ គឹម យ៉ាន និងបក្ខពួក បានដាក់ពាក្យសុំរក្សាការពារលើ ដីចំណតរថយន្តក្រុងសាធារណៈដោយស្នើសុំឱ្យ តុលាការសម្រេចចាត់ចែងលើការសាងសង់ផ្ទះ និងមិនឱ្យតតិយជនចូលមករំខានក្នុងការសាងសង់។ ប៉ុន្តែពេលចុះអនុវត្តគឺអាជ្ញាធរពុំព្រមអនុវត្តជូនពួកគាត់ទេ។ ឈ្មោះ គឹម ឆន និងបក្ខពួក ថែមទាំងបាន ដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ គឺប្ដឹងមកអ្នកតំណាងឱ្យពលរដ្ឋថា បានប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុថែមទៀត។
ប៉ុន្តែការប្ដឹងចោទប្រកាន់របស់ឈ្មោះ គឹម ឆន និងបក្ខពួក នោះពុំបានសម្រេចទេដោយតំណាងអយ្យការបានពិនិត្យ និងស៊ើបអង្គេតដោយភាពយុត្តិធម៌ទៅដឹងថា ការប្ដឹងរបស់ឈ្មោះ គឹម ឆន និងបក្ខពួក គឺជារឿងពុំពិត
ទើបតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចតម្កល់រឿងទុកឥតចាក់ការ។
ដោយអំឡុងពេលដែលពលរដ្ឋនៅ បុរីសន្តិភាព២ ចេញតវ៉ាការលក់ដីចំណតរថយន្តក្រុងសាធារណៈ របស់ក្រុមហ៊ុន7NG នោះគឺក្រុមហ៊ុនបានធ្វើការគាបសង្កាត់ពលរដ្ឋណាដែលបានជួលតូបក្នុងផ្សាររបស់ ក្រុមហ៊ុន7NG ដោយមិនជួលតូបឱ្យលក់ដូរតទៅទៀតទេ ប្រសិនបើអ្នកណានៅតែចេញមុខតវ៉ាការលក់ដីចំណតឡាននោះទៀត។
ក្រោយមកដោយមានការសម្របសម្រួលពី លោកអភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចឱ្យឈ្មោះ គឹម យ៉ាន ឈ្មោះ គឹម ឆន និងបក្ខពួកដែលអះអាងបានទិញដីនៅចំណតរថយន្តក្រុង នោះដោយផ្ដល់ដីទំហំ៣,៤២ម៉ែត្រគុណនឹង១០ម៉ែត្រចំនួន១៩ឡូត៍ដើម្បីអាស្រ័យផល និងពុំឱ្យធ្វើជាសំណង់រឹងមាំទេ ដោយមានទីតាំងនៅសងខាងចំណតរថយន្តក្រុងសាធារណៈបន្តទៀត។ ឈ្មោះ គឹម ឆននិងបក្ខពួក ក៍បានផ្ដិតមេដៃឯកភាពទៀតផង។
ស្រាប់តែក្នុងរយៈពេលថ្មីៗនេះឈ្មោះ គឹម ឆន ,ឈ្មោះ គឹម ឌីម៉ង់ ,ឈ្មោះ គឹម ឌី ,ឈ្មោះ ណុប បុត្រវាសនា ,ឈ្មោះ ហេង ហោ ,ឈ្មោះ ឈីវស៊ីងវ៉ាង ,ឈ្មោះ យ៉ុន បៀន ,ឈ្មោះ ឈិត វ៉ាន់ធា ,ឈ្មោះ ពៅ គួយ ,ឈ្មោះ លី សើហ្វីអ៊ី ,ឈ្មោះ សយ សុភារិទ្ធ និងឈ្មោះ សោ ពិសិដ្ឋ បាននាំគ្នាដាក់ពាក្យបណ្ដឹងមកកាន់ សាលាដំបូង រាជធានីភ្នំពេញ ចំនួន១៣ពាក្យបណ្ដឹងផ្សេងគ្នា។
ចំណែក ឈ្មោះ គឹម ឆន គឺបានដាក់ពាក្យបណ្ដឹងចំនួន២ពាក្យបណ្ដឹងដោយស្នើសុំ តុលាការចេញសាលក្រមទទួលស្គាល់ពួកគាត់មានអទិភាពលើកម្មសិទ្ធិនៃអចលនវត្ថុដែលជាដីចំណតរថយន្តក្រុងសាធារណៈ ទៅវិញ និងស្នើសុំឱ្យពួកខ្លួនជាប្រជាពលរដ្ឋសងជំងឺចិត្ត សងការខូចខាតទៅលើពួកគាត់ (ដើមបណ្ដឹង) ចំនួន២០ម៉ឺនដុល្លារអាម៉េរិកក្នុងមួយពាក្យបណ្ដឹងៗ។
សព្វថ្ងៃនេះឈ្មោះ គឹម យ៉ាន និងប្រពន្ធឈ្មោះ គឹម ឆន មិនបានគោរពតាមការសម្រេច និងការណែនាំរបស់ សាលាដំបូង រាជធានីភ្នំពេញ ទេ គឺពួកគាត់នៅតែរំលោភលើដីចំណតរថយន្តក្រុងសាធារណៈ ដដែលៗ ហើយពួកគាត់តែងតែរកវិធីគ្រប់បែបយ៉ាងដើម្បីប្ដឹងមកលើប្រជាពលរដ្ឋជាច្រើនលើក ច្រើនសារថែមទៀតផង។
ពួកយើងខ្ញុំជាអ្នកតំណាងប្រជាពលរដ្ឋនៅ បុរីសន្ដិភាព២ សូមស្នើសុំ លោកអភិបាល មេត្តាជួយ៖ ទី១. សូមជួយដោះស្រាយការរំលោភកាន់កាប់ដីចំណតរថយន្តក្រុងសាធារណៈ និងជួយដោះស្រាយករណីបណ្ដឹងប្ដឹងទៅតុលាការ។
ទី២. សូមជួយដោះស្រាយរឿងឈ្មោះ គឹម ឆន ,ឈ្មោះគឹម យ៉ាន និងបក្ខពួកតែងតែដាក់ពាក្យបណ្ដឹងមកប្រជាពលរដ្ឋ ទោះជាពលរដ្ឋពុំបានប្រព្រឹត្តខុសច្បាប់ក្ដី។ ទី៣. សូមជួយដោះស្រាយការរំលោភកិច្ចសន្យាជួលតូបរបស់ ក្រុមហ៊ុន7NG។
ទី៤. ស្នើសុំ សាលារាជធានីភ្នំពេញ ជួយថតចម្លងកំណត់ហេតុដែល លោកអភិបាល បានសម្រុះសម្រួលពីបញ្ហាដីចំណតរថយន្តក្រុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងទី៥. ប្រជាពលរដ្ឋនៅ បុរីសន្ដិភាព២ គាំទ្រតាមការសម្រេចរបស់ លោកអភិបាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទាំងស្រុង។
នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរអ្នកកាសែតនោះទេ តាមរយៈប្រព័ន្ធតេឡេក្រាម។ ចំណែកលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល ខណ្ឌពោធិសែនជ័យ ក៍ពុំអាចសុំការបំភ្លឺបានដែរ នៅវេលាខាងលើនេះ។
ទោះជាយ៉ាងកាលពីថ្ងៃទី១៧ ខែមករា មុនចូលឆ្នាំចិនលោក ឃួង សេង អភិបាល រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល ខណៈឃើញតំណាងពល
រដ្ឋយកញត្តិទៅដាក់នៅ សាលារាជធានីភ្នំពេញ ដោយលើកឡើងថា រឿងហ្នឹងមិនទាន់ចប់ទេ ? យូរឆ្នាំហើយ ? រីឯអ្នកទទួលញត្តិនៅសាលាក្រុងវិញក៍បានសន្យាថា នឹងកោះហៅភាគីពាក់ព័ន្ធមកធ្វើការដោះស្រាយដើម្បីបញ្ចប់រឿង ក្រោយពីចប់បុណ្យចូលឆ្នាំចិន។
ទាក់ទងករណីខាងលើលោក គឹម យ៉ាន និងភរិយា គឹម ឆន ពុំអាចសុំការបញ្ជាក់បានទេ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ចំពោះលោកឧកញ៉ា ស្រី សុធា ម្ចាស់ក្រុមហ៊ុន7NG វិញមិនអាចសុំការបំភ្លឺបានឡើយ។