ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ម្នាក់ ករណីប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីបាញ់បណ្តាលឲ្យបែកកញ្ចក់រថយន្ត) នៅចំណូច ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីម៉ោង០០និង៤៥នាទី កណ្តាលអាធ្រាត្រ ចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ។
ជនសង្ស័យឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ឋានន្តរស័ក្តិ វរសេនីយ៍ទោ មានតួនាទីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
តាមរបាយការណ៍របស់លោកអធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអគ្គនាយកក្រុមហ៊ុនសន្តិសុខ ស៊ីភីអេស(CPS) ស្នាក់នៅផ្ទះលេខ១៤៤ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
របាយការណ៍ដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះបើកបររថយន្តម៉ាក Rang Rover ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ ២U-៤៤៤៨ ជាមួយប្រពន្ធត្រឡប់មកផ្ទះនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនោះជនរងគ្រោះក៏ឈប់ រថយន្តនៅចិញ្ចើមផ្លូវមុខ មជ្ឈមណ្ឌលរ៉កដើម្បីកាច់កៅអីរថយន្តឲ្យប្រពន្ធដេក រួចក៏បើករថយន្តចេញ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Lexus ៣៣០ ពណ៌ស ស្លាកលេខ សៀមរាប ២B-៥១៥៣ មានភាពស្រវឹងស្រាខ្លាំងមកពីក្រោយ ស៊ីញ៉ូ ភ្លើងតាមកៀឲ្យរថយន្តជនរងគ្រោះឈប់ រួចរករឿងចាប់ជនរងគ្រោះដោយគ្មានមូលហេតុ ពេលនោះជនរងគ្រោះក៏ និយាយថា មានរឿងអីមកកន្លែងសមត្ថកិច្ច រួចក៏បើករថយន្តសំដៅមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ពេលមក ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏កៀរថយន្តជនរងគ្រោះឲ្យឈប់ តែជនរងគ្រោះមិនឈប់ ជនសង្ស័យក៏ចុះ ពីលើរថយន្តដកអាវុធខ្លីម៉ាករ៉ូឡូ លេខ ១៨៨៦០៤ បាញ់សំដៅរថយន្តជនរងគ្រោះចំនួន០៥គ្រាប់ បណ្តាលឲ្យបែក កញ្ចក់រថយន្តខាងក្រោយខ្ទេច ហើយត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរ ៕