ព្រះសីហនុ ៖ នៅឆ្នាំ២០២០ ខាងមុខ បរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានកំណើនលើសពីការរំពឹងទុក ដោយការវិនិយោគពង្រីកកំពង់ផែថ្មី ស្របតាមការរីកចម្រើនសេដ្ឋកិច្ចជាតិ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីថ្ងៃទី១ ឧសភានេះ ថា ប្រទេសកម្ពុជា បរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀប នឹងឆ្នាំ២០១៧ ហើយចំណែកចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។
លោកបានថ្លែងទៀតថា ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រំពឹងថា បរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០រយពាន់ ធីអ៊ីយូ (TEUs )នៅឆ្នាំ ២០២០ និងលើស ១ លាន ធីអ៊ីយូ(TEUs)។
លោក លូ គឹមឈុន ប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានថ្លែងថា បរិមាណទំនិញដឹកជញ្ជូនឆ្លងកាត់តាមកំពង់ផែស្វយ័តខេត្តព្រះសីហនុគិតពីកាលពីឆ្នាំ២០១៧-ឆ្នាំ២០១៨ កន្លងទៅធៀបមានកំណើនចន្លោះ ១៨– ២០% ប្រចាំឆ្នាំ ហើយចំពោះចំនួនកុងទឺន័រវិញកើន ១៨%ធៀប និងកាលពីឆ្នាំមុន ដែលបង្ហាញពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា នៅរយៈពេលចុងក្រោយនេះ និងគោលនយោបាយល្អ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក បានបន្តទៀតថា កាលពីឆ្នាំ២០១៨ កន្លងទៅចំណូលនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុមានកំណើន ២២%ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ ហើយទាំងអស់នេះបានបង្ហាញឲ្យឃើញច្បាស់ពីកត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងស្ថេរភាពនយោបាយនៅកម្ពុជាធ្វើឲ្យមានទំនុកចិត្តពីអ្នកវិនិយោគ៕