ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរការខិតខំរបស់ក្រសួងកសិកម្មដែលបានផ្តល់ពូជស្រូវល្អដល់កសិករសម្រាប់បង្កបង្កើនផលឡើងវិញ

ខេត្តកំពង់ធំ ៖​​កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ​បានដឹកនាំក្រុមការងារដោយមានមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបន្តចុះពិនិត្យស្ថានភាពនៃការដាំដុះដំណាំស្រូវរបស់កសិករដែលបានដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយពីទទួលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងរដូវវស្សាឆ្នាំ២០២២ នៅភូមិដំណាក់ខ្ជាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
គួររំឭកដែរថា កាលពីខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានផ្ទៃដីអាចស្ដារឡើងវិញបាន បានទួលគ្រាប់ពូជស្រូវពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ការចុះពិនិត្យ និងជួបជជែកជាមួយបងប្អូនប្រជាកសិករជាក់ស្តែង ស្ដែងឱ្យឃើញថា ដំណាំស្រូវបានដុះលូតលាស់ល្អ និងចាប់ផ្តើមប្រមូលផលជាបណ្តើរៗ ។ ទិន្នផលមធ្យមនៅក្នុងខេត្តសៀមរាបប្រមាណ៤តោនក្នុងមួយហិកតា ។ ចំពោះតម្លៃស្រូវឆ្នាំនេះមានលក្ខណៈល្អប្រសើរ គឺជាមធ្យម១០០០រៀល/គីឡូក្រាម។
សម្រាប់ផលិតកម្មដំណាំស្រូវក្នុងមួយហិកតា ជាមធ្យមត្រូវចំណាយអស់ប្រមាណជាង ២លានរៀល។ ដូច្នេះ កសិករអាចទទួលបានប្រាក់ចំណូលជិត ៤លានរៀលក្នុងមួយហិកតា និងចំណេញបានជាមធ្យមជិត២លានរៀល/ហិកតា។ តាមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គ្រាប់ពូជស្រូវដែលទទួលបានពីសម្តេចតេជោ អាចដាំដុះស្តារឡើងវិញបានប្រមាណ៣០០០ហិកតា។
អំឡុងពេលជួបសំណេះសំណាលជាមួយ ទេសរដ្ឋមន្ត្រី បងប្អូនប្រជាកសិករទាំងអស់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ ជាពិសេសបានសម្តេចតេជោចែកគ្រាប់ពូជស្រូវចំនួន១០០គីឡូក្រាមក្នុងមួយគ្រួសារ ដែលអំណោយនេះ អាចជួយកាត់បន្ថយថ្លៃដើមផលិតកម្មបានមួយកម្រិត។

បងប្អូនប្រជាកសិករ ក៏បានសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលជួយធ្វើយ៉ាងណាឱ្យតម្លៃស្រូវប្រហាក់ប្រហែលសព្វថ្ងៃនេះ ដើម្បីលើកទឹកចិត្ត និងធ្វើឱ្យជីវភាពរបស់កសិករកាន់តែប្រសើរឡើង៕