ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​បានអនុញ្​ញាតឱ្យ លោក​​ UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។
លោក​​ Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា លោក​​ បានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះ កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព ។

ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។
លោក​​ Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យ ។
ឯកឧត្តម Atsushi បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងទាំងពីរ គឺល្អបំផុតនៅពេលនេះ។ ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោក​​ Atsushi បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា។​

ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ លោក​​ Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។
សម្ដេចតេជោបានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយការប្ដេជ្ញាចិត្តរបស់ឯកឧត្តម Atsushi ជួយដល់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។

ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេច បានសុំឱ្យ អគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕