ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំ២០១៩ នេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង ២៣ ម៉ឺននាក់

តូក្យូ -ជប៉ុន ៖ មហោស្រពកម្ពុជា ឆ្នាំ២០១៩ (Cambodia Festival២០១៩)  បានចាប់ផ្តើមពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៩ នៅសួនច្បារ Yoyogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ក្រសួងវប្បធម៌ វិចិត្រសិល្បះ ក្រសួងពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ។

ក្នុងពិធីមានការចូលរួមពីលោក Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាលោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក លោកស្រីតំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករ។

លោក Masahiro Immamura បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍កម្ពុជាក្រោមអាកាសធាតុល្អ។ កម្មវិធីនេះបានរៀបចំឡើងនៅដើមរជ្ជកាលរ៉េវ៉ាក់ ដែលគួរឱ្យចងចាំ។ ឆ្នាំមុនជាខួបលើកទី៦៥នៃបង្កើតទំនាក់ទំនងការទូតជប៉ុន កម្ពុជា ដែលមានកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាជាច្រើន។

សូមបញ្ជាក់ថា  ឆ្នាំ២០១៩ នេះជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ហើយបច្ចុប្បន្នជប៉ុនមិនមែនមានត្រឹមតែស្ថានទូតនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងមានស្ថានកុងសុ៊លនៅខេត្តសៀមរាបអង្គរផងដែរ។

កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥% ហើយដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១,២ លាននាក់ ក្នុងនោះទេសចរជប៉ុន ជិត៤ ម៉ឺននាក់ ក្នុងកំណើន ៣.១%។ ទេសចរជប៉ុនតែងស្ថិតក្នុងចំណោមប្រភពទីផ្សារទេសចរណ៍ធំៗទាំង១០របស់កម្ពុជា។ ឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ ម៉ឺននាក់៕