ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោនិង​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អបអរសាទរ និង​ជូនពរ​សាសនិក​ឥស្លាម ក្នុងរដូវ​បួស​ខែ​រ៉​ម៉ា​ឌន

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ថា «​ខ្ញុំ​សូម​ផ្ញើរ​នូវ​ក្តី​នឹករលឹក និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​សូម​បួងសួង​សុំអោយ​បងប្អូន​ទាំងអស់​ទទួល បាន​នូវ​សេច​ក្កី​សុខ​សប្បាយ ក្ដីមេត្តា ករុណា ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំអោយ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផល បុណ្យ ខែ​បួស​រ៉​ម៉ា​ឌន ទាំងអស់​ដែល បងប្អូន​បាន​ប្រតិបត្តិ សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​»​។

​សូម​រម្លឹកថា ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​លិខិត​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ បាន​លើកឡើងថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន លើក​ទី​៦ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​សរសេរ​លិខិត ស្នើសុំ​អនុញ្ញាត​រៀបចំ​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន របស់​សាសនិក​ខ្មែរឥស្លាម លើក​ទី​៦ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ និង​សូម​គោរព​អញ្ជើញ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩​។​

​ចំពោះ​ការស្នើសុំ​អនុញ្ញាត​នេះ ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ផ្ទាល់ដៃ កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​របស់​បងប្អូន​ខ្មែរឥស្លាម ដែល​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​រវាង​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស ដែល​កាន់សាសនា​ព្រះពុទ្ធ ជាមួយ​ប្រជាពលរដ្ឋ ដែល​កាន់សាសនា​ឥស្លាម ក៏ដូចជា សាសនា​ផ្សេងៗ​ទៀត ធ្វើ​ឲ្យ​សាសនិក​ឥស្លាម​នៅ​កម្ពុជា និង​ពិភពលោក មើលឃើញ​កាន់តែច្បាស់ នូវ​ការផ្តល់​ភាព​សុខដុម​យ៉ាង​កក់ក្តៅ នៃ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ មកលើ​សាសនិក​ឥស្លាម ដូចគ្នា​ទៅនឹង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។​

​សូម​រម្លឹកថា បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន​សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក បាន​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ឬ​រ៉​ម៉ា​ទ​ន នៅ​ថ្ងៃទី​១ ខែ​រ៉​ម៉ា​ឌន ក្នុង​រយៈពេល ១​ខែ ដោយ​សាសនិក​ឥស្លាម ត្រូវ​តម​មិន​បរិភោគ​អាហារ សូម្បីតែ​លេបទឹកមាត់ ចាប់ពី​ថ្ងៃ​រះ ដល់​ថ្ងៃ​លិច ជាដើម​។​

​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​គោលបំណង និង​អត្ថប្រយោជន៍​នៃ​ការ​បួស​ក្នុង​សាសនា​ឥស្លាម រ៉​ម៉ា​ទ​ន រួមមាន​៖ ជម្រះ​សម្អាតខ្លួន ហ្វឹកហាត់​ខ្លួន ជា​អ្នក​គោរព​យ៉ាង​ពេញលេញ ទោះបី​ត្រូវ​ផ្តាច់​ពី​ចំណង់​របស់ខ្លួន អប់រំ​ឆន្ទៈ តស៊ូ​ស្មារតី ហាត់​អត់ធ្មត់ បដិវត្តន៍​ទម្លាប់​។ សាសនិក​ឥស្លាម ដែល​បួស នៅ​ខែ​រ៉ា​ម៉ា​ឌន ក៏​ទទួលបាន​នូវ​សេចក្តី​មេត្តាធម៌ ការលើកលែង​ទោសកំហុស ដែលមាន និង​ការដោះលែង​ពី​នរក ដោយ​ការ​ប្រោសប្រណី​ពី​អ​ល់​ឡោះ​ផងដែរ​៕