ធនាគារពិភពលោក (World bank) បានបញ្ជាក់នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អ ជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំ ពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។
ធនាគារពិភពលោក បានបន្ថែមទៀតថា ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ ដែលទាំងអស់នេះ មានជាងពីរភាគបី នៃមុខទំនិញនាំចេញសរុប ជាកំណត់ត្រាកំណើនខ្ពស់ ប្រាំឆ្នាំជាប់គ្នា ហើយដោយវាកើនបាន១៧.៦ភាគរយ ក្នុងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ៨.៣ភាគរយ ក្នុងឆ្នាំ២០១៧។
ធនាគារពិភពលោកបញ្ជាក់ថា«វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍សរុបគ្នាមក មានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨ហើយការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលថ្នាំស្មីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់»។