ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីអាយស៊ី គ្រុប បានបោះទុនវិនិយោគសរុបប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីសង់អគារពាណិជ្ជកម្មកម្ពស់រហួតដល់៣៨ជាន់ និងអគារផ្សេងទៀតចំនួន៤ នៅតំបន់បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម វ័ន សេនត្រល ថោវើ (One Central Tower) កាលពីព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០១៩នេះ ។
លោក យឹម លក្ខ័ណ អគ្គនាយកប្រតិបត្តិនៃ ប៊ីអាយស៊ី គ្រុប បានលើកឡើងថា គម្រោងនេះ ជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចពិសេសថ្មីលំដាប់ពិភពលោក ជាមួយនឹងការទាក់ទាញការវិនិយោគធំៗលើការរស់នៅ និងការធ្វើពាណិជ្ជកម្មធំៗក្នុងស្រុក។ លោកឲ្យដឹងទៀតថា អគារទាំងនេះ គឺជាការរួមបញ្ចូលគ្នានូវការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ និងជាតំបន់ធម្មជាតិបៃតង នៅលើទំហំដី ២ម៉ឹន ៤ពាន់ម៉ែត្រការ៉េ គ្រោងបញ្ចប់ការសាងសង់អគារទាំងមូលក្នុងរយៈពេល ១០ឆ្នាំ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានសាទរ និងគាំទ្រចំពោះគម្រោងនេះ ។
លោកមានប្រសាសន៍ថា នេះជាជំហានដំបូងនៃការអភិវឌ្ឍ ដើម្បីក្លាយតំបន់បឹងស្នោឲ្យទៅជាតំបន់សេដ្ឋកិច្ចលូតលាស់ថ្មីមួយទៀត ដែលផ្តល់នូវការរស់នៅ ការងារ និងការកម្សាន្តដ៏សម្បូរបែបលំដាប់ពិភពលោក។ហើយគម្រោងនេះពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កម្ពុជា ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍសេដ្ឋកិច្ច ៕