ភ្នំពេញ ៖ មន្ត្រីនគរបាល បាននិយាយនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទម្នាក់ ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទគំរាមសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីមន្ត្រីនគរបាល ប្រគល់ខ្លួនជននេះឲ្យតុលា ការចាត់ការតាមច្បាប់។
លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ។
បន្ទាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់ថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Land Rover ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត Land Rover ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២៤យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងបុរីជីបម៉ុង ផ្លូវលេខ៥៩៨ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយជនបង្កក្នុងហេតុការណ៍នោះ ឈ្មោះ បែល វ៉ាន់ដែត អាយុ៣៨ឆ្នាំ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនតាមពាក្យបណ្តឹង។
ចំណែកភាគីម្ខាងទៀត ជាជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់បាននៅវេលាម៉ោង១០យប់ គឺក្នុងរយៈពេលក្រោយកើតហេតុជាងមួយម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ។
ក្រោយពីចាបើខ្លួនហើយ ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនបានបញ្ចប់បាន ទើបនគរបាលសម្រេចកសាងសំណុំរឿ
ងមកតុលាការ ដើម្បីចាត់ការតាមមនីតិវិធី៕