ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​​យកចិត្តទុកដាក់ក្នុង​ការ​ទទួល​ Hotline​ ពី​ជនបរទេស

​ភ្នំពេញ​៖​ ​ នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ រម្លឹកដល់មន្ត្រី​នគរបាល​តាម​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ចំពោះ​ការ​ទទួល​ Hotline​ ពី​ជនបរទេស​ ខណៈ​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ ​។​

​នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ មាន​ប្រសាសន៍​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ Hotline​ ជាមួយ​បណ្តា​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ និង​នាយកដ្ឋាន​ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

លោក​ នាយ​ឧត្តមសេនីយ៍​ ​បន្ត​ថា​ នៅ​តាម​ខេត្ត​ខ្លះ​ដូច​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការងារ​ផ្នែក​ Hotline​ (​ទូរស័ព្ទ​)​ ជូន​ដល់​ជនបរទេស​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ​ ដែល​ករណី​នេះ​ត្រូវ​បាន​អង្គទូត​របស់​គេ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រសួងការបរទេស​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ មាន​ប្រសាសន៍​បន្ថែម​ថា​«​ដើម្បី​ឲ្យ​ការងារ​របស់​យើង​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ក្នុង​ការ​ទទួលខុស​ ត្រូវ​ចំពោះ​មុខការ​ងារ​នេះ​ យើង​ត្រូវ​តែ​មាន​ជំនាញ​ ច្បាស់លាស់​ ហើយ​មិន​ត្រូវ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​ Hotline​ ពី​គេ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ថ្នាក់លើ​»​។​

​យោង​តាម​របាយការណ៍​របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ (HOTLINE)​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៩​នេះ​ មាន​ជនបរទេស​និង​អ្នក​វិនិយោគ​បរទេស​នៅ​កម្ពុជា​ទទួល​រង​គ្រោះ​មាន​ចំនួន​១៦៧​ករណី​ រង​គ្រោះ​សរុប​២១១​នាក់​ មក​ពី​៣៥​សញ្ជាតិ​ ហើយ​កើត​នៅ​ក្នុង​រាជ​នី​-​ខេត្ត​ចំនួន​១៥​ ហើយ​បើ​ប្រៀប​ និង​ឆ្នាំទៅ​ក្នុង​រយៈពេល​ដូច​គ្នា​មានការ​កើនឡើង​ជាង​១៥​ភាគរយ​ ដោយ​ក្នុង​នោះ​ជនជាតិ​ចិន​ច្រើន​ជាងគេ​រហូត​ដល់​៩៨​នាក់​ ជនជាតិ​បារាំង​១២​នាក់​ ជនជាតិ​អង់គ្លេស​១១​នាក់​ អា​លី​ម៉​ង់​៩​នាក់​ និង​អា​មេ​រិ​ក​ចំនួន​៧​នាក់​ ហើយ​ភូមិសាស្ត្រ​ដែល​កើត​ច្រើន​ជាងគេ​ គឺ​នៅ​ខេត្តសៀមរាប​ ព្រះ​សីហ​នុ​ និង​រាជធានី​ភ្នំពេញ​។​

ដោយឡែក​សម្រាប់​ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន​៨២​ករណី​ ឃាត់​ ខ្លួន​បាន​ចំនួន​៣៤១​នាក់​ មក​ពី​២០​សញ្ជាតិ​ ហើយ​បើ​ប្រៀបធៀប​ និង​ឆ្នាំ​កន្លង​ទៅ​មានការ​កើន​ ឡើង​ជាង​៣២​ ភាគរយ​ ដោយ​ក្នុង​នោះ​ជនជាតិ​ចិន​ច្រើន​ជាងគេ​រហូត​ដល់​២៤១​នាក់​ ជនជាតិ​ វៀតណាម​៤៩​នាក់​ ជនជាតិ​ថៃ​ចំនួន​២៦​នាក់​ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន​៩​នាក់​ និង​ជនជាតិ​អាម៉េរិក​ចំនួន​៣​នាក់​ ៕