ភ្នំពេញ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។
លោក រាជ រ៉ា រដ្ឋលេខាធិការ មានប្រសាសន៏លើកឡើងពីសារបាននៃដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញនិងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីម៉ាកសម្រាប់វិស័យនេះផងដែរ។
លោកបន្តថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជាគឺជាសិល្បៈប្រពៃណីតំណាងកេរដំណែលវប្បធម៍តាំងពីបុរាណរបស់ខ្មែរ ដែលត្រូវជំរុញទាំងបែបប្រពៃណី និងជំរុញបែបពាណិជ្ជកម្ម ជាអាទិ៍ដូចជាផលិតផលចម្លាក់ប្រាក់-ស្ពាន់នៅខេត្តកណ្ដាលដែលយើងត្រូវយកចិត្តទុកដាក់។
លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរាយការណ៍អំពីវឌ្ឍនភាពនៃការចុះបញ្ជីម៉ាកសមូហភាព ដែលនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងអនុវត្តប្រើប្រាស់ដោយសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់ ដែលមានសិទ្ធិក្នុងការបំពាក់នូវស្លាកយីហោ ធ្វើអាជីវកម្ម និងហាមឃាត់រាល់ការក្លែងបន្លំនានា ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងឯកភាពលើការជ្រើសរើសការចុះបញ្ជីម៉ាកសមូហភាពសម្រាប់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមការព្រាងកន្លងមក និងជំរុញឱ្យសមាគមសហព័ន្ធបន្តរៀបចំជាសៀវភៅបន្ទុកសម្រាប់ជាកេរដំណែលស្នាដៃជូនកូនចៅអ្នកបន្តវេន និងឯកភាពលើផែនការការងារដែលត្រូវអនុវត្តបន្តផងដែរ៕




