ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈលិខិតចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ គោរពស្នើសុំផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលខេត្តបន្ទាយមានជ័យ ដោយគោរពស្នើសុំតែងតាំងឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ ឡើងកាន់តំណែងជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ។
ក្នុងលិខិតដដែល សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំផ្ទេរបញ្ចូលលោក គឹង វណ្ណៈ ពីក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា មកក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បីតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
សូមរម្លឹកថា បន្ទាប់ពីមានស្រី្តម្នាក់ ចេញមុខ ប្រកាសថា ជាស្រីស្នេហ៍របស់លោក សួន បវរ ហើយទាមទារឲ្យលោកទទួលខុសត្រូវរួចមក លោកសួនបវរ អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានដាក់លិខិត ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំលាលែងតំណែងអភិបាលខេត្តបន្ទាយមានជ័យ៕