ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសំខាន់២ ។
លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធដែលនឹង ត្រូវចុះហត្ថលេខានោះរួមមាន៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។
សេចក្តីប្រកាសបញ្ជាក់ថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ ៕