ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា “អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង បំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា។
សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះ បើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ ។ អគារទំនើបថ្មីមួយនេះមានប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ថា ពិតជារីករាយ និងមានមោទនភាពចំពោះសមិទ្ធផលផ្នែកសុខាភិបាលមួយទៀតនាថ្ងៃនេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងការកសាងនូវអគារមជ្ឈមណ្ឌល ពហុឯកទេសនៃមន្ទីរពេទ្យកាលម៉ែតនៅពេលនេះ។
សម្តេចតេជោ បានបញ្ជាក់ថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាង សង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោបានមានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ។
សម្ដេចតេជោបន្ថែមថា វិស័យសុខាភិបាលយើងមានកន្លែងធ្វើការស្អាត និងទំនើបហើយនោះ យើងត្រូវតែមានការពង្រឹងសមត្ថភាពធនធានមនុស្សរបស់យើងឲ្យរឹងមាំ ជាពិសេសចំណេះជំនាញផ្នែកពេទ្យឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងជំជឿទុកចិត្តពីអ្នកជំងឺ៕







