ថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ កាលពីថ្ងៃអង្គារ បានធានា អំពីការផ្លាស់ប្តូរអំណាច ដោយរលូនពីរដ្ឋាភិបាល ចាំផ្ទះទៅរដ្ឋាភិបាលថ្មី ដើម្បីរក្សាពង្រឹងសេដ្ឋកិច្ច ក្នុងអំឡុងពេលដំណើរការ ។
តាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយថា “ដោយសារប្រទេសត្រូវដើរទៅមុខ យើងត្រូវតែបន្តធ្វើការដើម្បីថែរក្សាប្រជាជន ដែលនៅរង់ចាំរដ្ឋាភិបាលថ្មីមកដល់។
លោកនាយករដ្ឋមន្ត្រីរូបនោះបានជំរុញឱ្យភាគីទាំងអស់ ជៀសវាង ការបំភិតបំភ័យ ដោយបង្កើតសេណារីយ៉ូ ដ៏គួរឱ្យភ័យខ្លាចអំពីស្ថានការណ៍ នយោបាយដែលអាចធ្វើឲ្យសាធារណជន មានការខកចិត្ត ។
លោកបាននិយាយថា “សូមកុំបង្កើតបញ្ហាបន្ថែមទៀត។ ខ្ញុំខ្លួនឯងជាធម្មតាមិនមានបញ្ហាជាមួយភាគីណាមួយទេ ហើយខ្ញុំគោរពដំណើរការប្រជាធិបតេយ្យ ដែលកំពុងបន្ត” ។
លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសថៃ នៅតែមានស្ថានភាពហិរញ្ញវត្ថុល្អ បើទោះបីជាមានភាព មិនច្បាស់លាស់ផ្នែកនយោបាយខ្លះ ក៏ដោយ ហើយភាគីទាំងអស់គួរតែរួមដៃគ្នា ទប់ស្កាត់ស្ថានការណ៍ពីការវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរបន្ថែមទៀត។
លោកបញ្ជាក់ថា រឿងតែមួយគត់ដែលលោករំពឹងថា នឹងឃើញកើតឡើង គឺសន្តិភាពនៅក្នុងប្រទេស ហើយក្នុងនាមជា នាយករដ្ឋមន្ត្រីចាំផ្ទះ លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញកាតព្វកិច្ច របស់គាត់រហូតដល់រដ្ឋាភិបាលថ្មី ចូលកាន់តំណែង៕