ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលមួយកន្លែងដែលមានទំហំជិត ២ហិកតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។ នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ១៩៨៥ ដោយបាននិមន្តភិក្ខុព្រះនាម ពូនង ប៊ុនម៉េង និមន្តមក ពីកម្ពុជាក្រោម ជាព្រះចៅអធិការវត្ត ចាប់ពីឆ្នាំ១៩៨៥ រហូតឆ្នាំ ១៩៨៨ បានជួសជុលសមិទ្ធផលចាស់ៗឡើងវិញ។
លោកអភិបាលស្រុកបានបន្ថែមថា ដោយសារព្រះវិហារមុនមានសភាពចាស់ទ្រុឌទ្រោម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានសម្រេចរុះរើ និងកសាងព្រះវិហារថ្មីឡើងវិញ នៅខែមីនា ឆ្នាំ២០១៩ ដែលមានទំហំទទឹង ៩,៧៥ម៉ែត្រ បណ្ដោយ ១៨.៧០ ម៉ែត្រ និងដងទង់មួយគូរ កំពស់២៥ម៉ែត្រ ចំណាយថវិកា អស់ចំនួន ២៧៩,៥៥០ដុល្លារ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសម្រេច បាននូវសមិទ្ធផលនានាជាច្រើន និងបានថ្លែងអំណរគុណចំពោះក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង និងសប្បុរសជនដែលបាន បរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។
សម្ដេចក្រឡាហោម បានណែនាំដល់អជ្ញាធរមូលដ្ឋាន ទាំងអស់ឱ្យបន្តលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង អនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើងនិន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព៕



