ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍កុមារ គ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធ៌មសង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដែលពិធីបានរៀបចំឡើងនៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន​ សំអន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍ របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និង សហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។
ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្រ្តជាតិ គោលនយោបាយ បទដ្ឋាន គតិយុត្ត និងកម្មវិធីនានា សម្រេចបានប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបន្តយកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា កុមារនិងយុវជន ត្រូវចេះស្វែងរកព័ត៌មានឲ្យបានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់និងចែករំលែកព័ត៌មានតាមប្រព័ន្ធអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងបង្កើតមាតិកា ឌីជីថល ព្រមទាំងចែករំលែកប្រកបដោយក្រមសីលធម៌៕