ព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយមន្ត្រីរាជការក្រុងព្រៃវែង សរុបចំនួន ៤,៩២៩នាក់ផងដែរ។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក ជា សុមេធី បានថ្លែងថា«ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលនាពេលនេះ»។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត ដើម្បីអនុវត្តន៍នូវសិទ្ធជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សា ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ សូមមានសុខភាពល្អ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
