ភ្នំពេញ៖លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោក បណ្ឌិត អ៊ិត សំហេង បានឲ្យដឹងបែបនេះក្នុងសិក្ខាសាលាស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ។
លោករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។
ចំពោះវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងខិតខំអនុវត្តកម្មវិធីនេះដោយមានភាពបទបែន ក្នុងគោលបំណងបង្កើនមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញឱ្យបានកាន់តែច្រើន ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត៕


