បាងកក៖ ពលករខ្មែរនៅប្រទេសថៃ ចំនួន២៥៥នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិកបក្សថ្មី គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។
ការប្រកាសបញ្ចូលសមាជិកថ្មី២៥៥នាក់ជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។
ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។
ក្នុងឱកាសនោះ លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីទាំង ២៥៥នាក់ ព្រមទាំងលើកទឹកចិត្តដល់សមាជិកត្រូវបន្តកសាងសមាជិកបក្សបន្ថែម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងសមាជិកគណបក្ស រួមចំណែកសម្រេចឱ្យបាននូវជោគជ័យក្នុងការបោះឆ្នោត និងសមិទ្ធផលជូនជាតិកម្ពុជាតទៅមុខទៀត។
លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងយកការអភិវឌ្ឍប្រទេសជាតិ ការការពារសន្តិភាព និងលើកស្ទួយសុខមាលភាពរបស់ប្រជាជន ខុសពីគណបក្សមួយចំនួនដែលប្រើនយោបាយញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រជាភិថុតបោកប្រាស់ប្រជាជន ដែលមិនបាននាំប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនឡើយ។
លោកបណ្ឌិត បានអំពាវនាវដល់សមាជិកបក្សនៅប្រទេសថៃត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅជំនាន់ក្រោយឱ្យបានសុខក្សេមក្សាន្ត កុំឱ្យដូចប្រជាជនជំនាន់មុនរងទុក្ខលំបាកវេទនាដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សន្តិភាព ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តស៊ូពលីស្វែងរកបានក្នុងដៃរួចហើយ នៅឡើយតែខិតខំថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅទៀតប៉ុណ្ណោះ។
លោកបណ្ឌិត អ៊ិត សំហេង ក៏បានរំឭកនូវការខិតខំធ្វើឯកសារជូនពលករខ្មែរនៅប្រទេសថៃ ដើម្បីធ្វើការងារប្រកបដោយភាពស្របច្បាប់ រស់នៅនិងធ្វើការសុខស្រួល ដោយមិនចាំបាច់ភ័យព្រួយរឿងគេចាប់បញ្ជូនទៅស្រុកវិញ ឬជាប់ទោសទណ្ឌផ្សេងៗ។ ពលករក៏មានការសាទរចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ ស្ថានទូតកម្ពុជានៅថៃ និងក្រុមការងារចំពោះកិច្ចដែលខិតខំធ្វើឯកសារសម្រួលសព្វគ្រប់បែបយ៉ាងជូនពលករនៅប្រទេសថៃ។
លោក ឱក រតនា ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ក៏បានបញ្ជាក់ពីភាពអសកម្មរបស់គណបក្សទាំងនោះ ដែលគិតពីកេងចំណេញនយោបាយ ប៉ុន្តែនៅពេលពលករមានទុក្ខលំបាកគឺមិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។ ទីបំផុត ពួកគាត់ក៏សម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពជាវិញ ដោយហេតុថាក្រុមការងារដែលចាត់តាំងដោយគណបក្សប្រជាជនតែងចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ពលករដល់ទីតាំងតែម្ដង នោះហើយជាហេតុផលដែលពលករបង្កើនការជឿជាក់លើគណបក្សប្រជាជន និងសម្រេចចូលជាសមាជិកតែម្ដង។
លោកបណ្ឌិត អ៊ិត សំហេង បានផ្ដាំផ្ញើពលករខ្មែរនៅប្រទេសថៃដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយអ្នកដែលពុំអាចទៅបានសូមជួយអំពាវនាវដល់សាច់ញាតិ មិត្តភក្តិ អ្នកស្រុកអ្នកភូមិបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះបន្តទៀត៕




