ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ រំពឹងថានឹងចូលរួមជួយសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោងសម្រាប់រថយន្តកុងតឺន័រ។
លោករដ្ឋមន្ដ្រីបានបន្តថា ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងបែបនេះ ក្នុងពិធីចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣៕

