ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម គឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿននៃប្រទេសវៀតណាម គឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា  ។
សម្ដេចតេជោបានបញ្ជាក់ទៀតថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាង សង់ផ្លូវទិសចរាចរណ៍ចំនួន ១ កន្លែង និងផ្លូវក្រោមស្ពានចំនួន ២កន្លែង ហើយប្រជាពលរដ្ឋអាចឆ្លងស្ពាននេះដោយមិនគិតថ្លៃឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិនបានវិនិយោគ ១០០ភាគរយ។