ភ្នំពេញ: កញ្ញា សុង ឆវន្ត ព្រះរាជអាជ្ញារង អមសាលដំបូងរាជធានីភ្នំពេញ នៅថ្ងៃទីខែមិថុនានេះ បានសាកសួរ ជនសង្ស័យ ជាជនជាតិជប៉ុន និងខ្មែរចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងគ្រឿង ញៀននៅក្លឹប Kabu kicho ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ឲ្យដឹងថា ឥឡូវនេះជនសង្ស័យ ១០នាក់ខាងលើ នៅបន្តនីតិវិធី និងធ្វើការស៊ើបអង្កេតបន្ថែមទៀតពីព្រះរាជអាជ្ញា ជុំវិញការសង្ស័យថា ពួកគេ មានជាប់ពាក់ព័ន្ធនិងគ្រឿងញៀន ក្នុងក្លឹបកម្សាន្ត មួយ ចំកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី៧ ខែមិថុនានេះ ពុំទាន់អាចសុំការបញ្ជាក់ពី ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ កញ្ញា សុង ឆវន្ត បាននៅឡើយទេ ។ ថាតើ តុលាការ នឹងការសម្រេចចោទប្រកាន់ ឬយ៉ា ណា ចំពោះជនសង្ស័យខាងលើ ដែលមានជាប់ពាក់ព័ន្ធ នឹងការបើកក្លឹបកម្សាន្ត ជាជនជាតិជប៉ុននិងខ្មែរនោះ។
សូមជម្រាបថា សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួន ជនបរទេស និងខ្មែរមួយក្រុមនៅក្នុងក្លឹបរាត្រីមួយក្នុងរាជធានីភ្នំពេញឈ្មោះ ក្លឹប Kabu kicho កាលពីថ្ងៃសុក្រទី២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២ ទាបភ្លឺ ។
ក្នុងនោះ មានមនុស្ស ៣២ នាក់ ក្នុងនោះមានស្ត្រី ១៥ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលនៅម៉ោង ២ ទៀបភ្លឺនេះ នៅក្លឹប Kabu kicho ស្ថិតនៅ ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
គណៈបញ្ជាការឯកភាពខណ្ឌចំការមនបាន រឹបអូសបានថ្នាំញៀនប្រភេទម្សៅ និងគ្រីស្តាល់មួយចំនួនធំ បន្ទាប់មកអាជ្ញាធរក៏បានបិទទីតាំង ហើយបានបញ្ជូនខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។
សូមជម្រាបថា ទីតាំងក្លឹបកម្សាន្ត ឈ្មោះ ក្លឹប Kabu kicho ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមននេះ គឺ ជារបស់ជនជាតិជប៉ុន ដែលវិនិយោគបើកទីតាំងកម្សាន្តនេះរយៈពេល២ឆ្នាំមកហើយ ដោយបានបង្កើតការងារដល់កូនខ្មែរផងដែរ។ ។
