ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៤ខែដើមឆ្នាំ២០១៩កម្ពុជា សម្រេចប្រមូលចំណូលពន្ធបាន ១១៥០ លានដុល្លារអាមេរិក

ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបប្រមាណជាង ៤៦០០ ប៊ីលានរៀល ត្រូវជាង ១១៥០ លានដុល្លារអាមេរិក ស្មើនឹង ៥០,២៦% នៃផែនការប្រចាំឆ្នាំ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ក្នុងខែមេសា ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online បានចំនួនប្រមាណជាង ១២៦១ ប៊ីលានរៀល ត្រូវប្រមាណជាង ៣១៥ លានដុល្លារ អាមេរិក ស្មើនឹង ១៣,៧៨% នៃផែនការប្រចាំឆ្នាំ។

លោកបានឲ្យដឹងទៀតថា ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមេសា ទៅឆ្នាំ២០១៨ ឃើញថាចំណូលនេះកើនឡើងជាង ៦៦៨ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦៧ លានដុល្លារអាមេរិក ស្មើនឹង ១១២,៧៨%។

សម្រាប់ចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៩ បានកើនឡើងចំនួនជាង ៩៦១ ប៊ីលានរៀល ត្រូវប្រមាណជាង ២៤០ លានដុល្លារអាមេរិក ស្មើនឹង ២៦,៤១%។

លោក គង់ វិបុល បានជំរុញឲ្យគ្រប់អង្គភាពត្រូវយបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងត្រូវអនុវត្តន៍តាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្ត E-VAT system ក្នុងគោលដៅជំរុញការធ្វើឱ្យប្រសើរឡើងនូវយន្តការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ (E-VAT Refund) សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ។

ត្រូវចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យតាមមូលដ្ឋានខេត្ត-ខណ្ឌ ក្នុងគោលដៅពង្រឹងដល់ការប្រមូលពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនប្រើប្រាស់ ពន្ធលើឈ្នួលផ្ទះ និងដី និងពន្ធប្រថាប់ត្រានិងជំរុញនិងពន្លឿនការរៀបចំសេចក្តីព្រាងបទដ្ឋានគតិយុត្តនានា ដើម្បីឆ្លើយតបនឹងសំណើសុំ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងពន្ធដារ របស់ផ្នែកឯកជន។

លើសពីនេះ ព្រមទាំងជំរុញការអនុវត្ត នូវការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងសហគ្រាសធុនតូច និងសហគ្រាសមធ្យមតាមវិស័យអាទិភាព៕