ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅខណ្ឌសែន សុខ កាលពីថ្ងៃទី៩ខែឧសភានេះរៀបចំពិធីសម្ភោតការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន លើកទី១ចំនួនជាង១០០ តោន ហើយតំណាងឲ្យក្រុមហ៊ុនទាំង០៥ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកទៅប្រទេសចិនបានបង្ហាញពីមោទនភាពយ៉ាងខ្លាំងផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងឆន្ទ:ច្បាស់លាស់។
លោករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា «យើងធ្វើយ៉ាងណានាំកសិផលកម្ពុជាឲ្យបានចូលក្នុងទីផ្សារអន្តរជាតិហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម និងគ្រប់ភាគីពាក់ព័ន្ធបានទទួលលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែងគឺថ្ងៃនេះ»។
លើសពីនេះរដ្ឋមន្រ្តីកសិកម្មបានបន្ថែមថា ពិតណាស់លទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងភាគីទាំងពីរក្នុងការចរចារ ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិនធ្វើយ៉ាងណាដើម្បីនាំផ្លែចេកស្រស់កម្ពុជាចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចុះ ពិធីសារស្តីពីការអនុញ្ញាតឲ្យកម្ពុជាអាចនាំចេកអំបូងលឿនទៅកាន់ប្រទេសចិន។
សម្រាប់ លោក លី អានទីប្រឹក្សាសេដ្ឋកិច្ចប្រចាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក អបអរសាទរ និងវាយតម្លៃយ៉ាងខ្ពស់ចំពោះពិធីសម្ពោធការនាំចេញផ្លែចេកស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនដែលរៀប ចំដោយកិច្ចសហការរវាងក្រសួង ជាមួយស្ថានទូតចិននាពេលនេះ។
ក្រោយពីបានចុះពិនិត្យនិងវាយតម្លៃរបស់ក្រុមការងារបច្ចេកទេសវាយតម្លៃរបស់អគ្គរដ្ឋបាលគយ របស់ចិននាចុងខែកម្ភះ បានចុះពិនិត្យ ១០ ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ ក្រោយការបញ្ចប់ធ្វើការវាយតម្លៃ គឺមានតែក្រុមហ៊ុនចំនួន០៥ ប៉ុណ្ណោះ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០ តោននាថ្ងៃនេះ។
កម្ពុជាក៏បានរំលឹកខួបលើទី៦១ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតដែលភាគីទាំងពីរបានកំណត់ថា “ឆ្នាំមិត្តភាពកម្ពុជា-ចិន” និងជាលទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន ដែលភាគីទាំងពីរបានចុះហត្ថលេខាតាំងពីនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅទីក្រុងប៉េកាំង។
ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះបានផ្តល់នូវផល ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាតាមរយ:ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងការវិនិយោគ។ សមិទ្ធផលទាំងអស់នេះបាន និងកំពុងរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឲ្យមាននិរន្តរភាព។

