ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេង ប្រជុំជាមួយ គណៈកម្មការទី៦នៃរដ្ឋសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត

ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ជួបប្រជុំជាមួយ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត នៅវិមានរដ្ឋសភា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ន ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
សម្ដេចបន្តថា ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សម្ដេចបន្ថែមថាដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិសេសការជ្រើសរើសបាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យការបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានត្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា នោះទេ។
លោក កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងគណៈកម្មការរដ្ឋសភាបានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ។ គណៈកម្មការទី៦ នឹងធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខដោយចាត់ទុកជាការប្រញាប់៕