ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនផ្ដល់ជំនួយជាង១៨៨លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍផ្លូវ​ថ្នល់ និងទឹកស្អាត

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក អ៊ុណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គម្រោងទាំងពីរ គឺទី១. ឥណទានសម្បទាន ដែលមានទឹក ប្រាក់ ចំនួន២៣.៦៩២លានយ៉េន (ស្មើនឹងប្រមាណ១៧២,៩៣លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងទី២. ឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ស្មើនឹងប្រមាណ១៥,៨លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣ ។

សេចក្តីប្រកាសដដែលបានបន្តថា ការផ្ដល់ជំនួយនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេ របស់ ជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ច សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាពេលថ្មីៗនេះ បានដំឡើងទំនាក់ទំនង​ទ្វេភាគី ទៅ ជាកម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត  ៕