ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ទទួលជួបសំណេះសំណាលជាមួយក្រុមការងារ Ministers Of Religious Affairs of Malaysia, Brunei, Indonesia and Singapore (MABIMS) ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ត.ផ.ហ.ក. ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមឯកទេសផលិតផលហាឡាល។
ក្រុមការងាររបស់ MABIMS បានអញ្ជើញមកធ្វើវគ្គបណ្ដុះបណ្ដាលដល់ស្ថាប័នហាឡាលកម្ពុជា ដែលជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសហាឡាលអន្តរជាតិ International Halal Technical Capacity Development Program (IHTCDP) ដែលរៀបចំដោយស្ថាប័ន JAKIM នៃប្រទេសម៉ាឡេស៊ី ដែលជាការរួមចំណែកបន្ថែមដល់ស្ថាប័នហាឡាលកម្ពុជាដើម្បីបំពេញលក្ខខ័ណ្ឌតម្រូវផ្សេងៗទៀតក្នុងការទទួលបានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន JAKIM និងស្ថាប័នអន្តរជាតិផ្សេងទៀត។
សូមជម្រាបផងដែរថា គ.ត.ផ.ហ.ក. ត្រូវបានទទួលស្គាល់រួចមកហើយជាមួយស្ថាប័នហាឡាលថៃ ហើយក្នុងនោះដែរអគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមឯកទេសផលិតផលហាឡាល នឹងខិតខំប្រឹងប្រែងពង្រឹងការកសាងលិខិតបទដ្ឋានគតិយុត្ត លក្ខខ័ណ្ឌតម្រូវ និងនីតិវិធីប្រតិបត្តិស្តង់ដារ(SOP)ផ្សេងៗទៀត
ស្ថាប័នហាឡាលកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាកត្តាជំរុញឱ្យមានកំណើនកត្តាផលិតភាព និងការនាំចេញផលិតផលកសិឧស្សាហកម្ម ផលិតផលម្ហូបអាហារហាឡាលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសដែលមានបងប្អូនសាសនិកឥស្លាម។
ក្នុងឱកាសនោះដែរលោក ផាន អូន ក៏បានអញ្ជើញគណៈប្រតិភូតំណាងក្រុមការងារ (MABIMS) ដើម្បីធ្វើទស្សនកិច្ចនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសនៅនាយកដ្ឋានកិច្ចការហាឡាល ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក» និងនាយកដ្ឋានមន្ទីរពិសោធន៍ដែលជាឆ្អឹងខ្នងនៃអគ្គនាយកដ្ឋាន ក.ប.ប.នៅក្នុងគោលការណ៍សុវត្ថិភាពម្ហូបអាហារ។
សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជា សម្រាប់ធ្វើការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសដែលមានបងប្អូនសាសនិកឥស្លាម សូមមកដាក់ពាក្យស្នើសុំនៅ អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងជាលេខាធិការដ្ឋាន នៃ គ.ត.ផ.ហ.ក. ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

