ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រសួងសាធារណការ និងដឹកជញ្ជូន យកថវិកាចំនួន ៨០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ ៖ នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបថា “លេខពិសេសផ្ទាល់ខ្លួន” ដែលជាសេវាសាធារណៈថ្មីមួយ ស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍អបអរសារទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ដែលក្នុងកម្មវិធីនោះមានការដាក់តាំងនូវផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការចូលរួមពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ ក្រុមសិល្បករ សិល្បការិនី ក្រុមហ៊ុនលក់យានយន្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។
 សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្វែរថវិកាចំណូលដែលប្រមូលបានពីការរៀបចំកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ដើម្បីបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាចំនួន ៤០០លានរៀល និងបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារជាតិចំនួន ៤០០លានរៀល។
លោក វេជ្ជបណ្ឌិតញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារជាតិនាឱកាសនេះ។ ចំពោះថវិកាដែលទទួលបាន មន្ទីរពេទ្យនឹងប្រើប្រាស់ដើម្បីពង្រឹង និងលើកកម្ពស់នូវគុណភាពនៃការផ្ដល់សេវាសុខាភិបាល និងការព្យាបាលជំងឺផ្សេងៗឱ្យបានកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ ដែលទាំងនេះនឹងជាទឡ្ហីករណ៍ជំរុញឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេស ជាជាងការចំណាកស្រុកទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេស។
សូមជម្រាបជូនថា ជាលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួន” ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនមួយគឺ “កម្ពុជា SAMNANG9”។
ក្នុងឆ្នាំដដែល ក្រសួងបានបរិច្ចាគថវិកាជូនកម្មវិធីរាត្រីស្រមោលសរមូលនិធិគន្ធបុប្ផាចំនួនប្រមាណ ៨០០ លានរៀល ដែលបានមកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 5” និងក្នុងឆ្នាំ២០២១ ក្រសួងបានបរិច្ចាគថវិកាជូនមូលនិធិកាត់បន្ថយភាពក្រីក្រចំនួនប្រមាណ ៨០០លានរៀល មកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 2” សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕