បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ខេត្ដបាត់ដំបង កាលំីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។
សម្តេចក្រឡាហោម បានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងបាត់ដំបង ដែលបានតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់។
សម្ដេចបានបញ្ជាក់ថា ទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំ បន្តទៀត គណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង សម្ដេចក្រឡាហោម ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជននិងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕


