ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ចូលជួបសម្ដែងការគួរសម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ចំពោះប្រតិភូគមសមាគម និងបានសម្ដែងការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំពិធីសំណេះសំណាលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
សម្ដេចក្រឡាហោម ក៏បានកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោដែលបានខិតខំរៀបចំរចនាសម្ព័ន្ធទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងការរៀបចំជំនួប និងពិធីផ្សព្វផ្សាយនានាក្នុងន័យដើម្បីរួមចំណែកលើកកម្ពស់វិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាស្របតាមទិសដៅរបស់សមាគម។
លោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអនុញ្ញាតឲ្យប្រតិភូសមាគមបានចូលជួបសម្ដែងការគួរសម។ លោកឧកញ៉ា ក៏បានរាយការណ៍ជូនសម្ដេចអំពីកំណើនសមាជិកសមាគមទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
សម្ដេចក្រឡាហោម បានលើកទឹកចិត្តសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បន្តធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រឹង និងពង្រីកសក្ដានុពលវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា៕