ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា ១ខ្នង ៤បន្ទប់ និងខ្លោងទ្វារ នៃសាលាបឋមសិក្សា នេត សាវឿន មានជ័យ ស្ថិតនៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយក្ដីនឹករលឹក និងយកចិត្តទុកដាក់ជាទីបំផុត ជូនដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា គ្រឹះស្ថានសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ ដែលត្រូវការចាជាចាំបាច់បំផុត សម្រាប់កសាងការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងវិស័យផ្សេងៗទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលសុទ្ធតែជាផ្នែកសំខាន់ និងចាំបាច់ដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើនខ្ពស់ទៅមុខ និងឈានទៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសដែលអភិវឌ្ឍន៍ ក្នុងឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ បានលើកឡើងអំពីការចូលរួមចំណែកដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ ដោយលោកបានធ្វើការប្រៀបធៀបលោកគ្រូ អ្នកគ្រូ គឺជាបេះដូងនៃការស្ដារអភិវឌ្ឍន៍ និងជាឆ្អឹងខ្នងនៃវិស័យអប់រំ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្ដថា លោកគ្រូ អ្នកគ្រូ បានខិតខំបណ្ដុះបណ្ដាល និងបង្កើតនូវធនធានមនុស្សប្រកបដោយក្រមសីលធម៌ ព្រមទាំងអប់រំកុមារ យុវជនឲ្យមានវិន័យ សីលធម៌ក្នុងសង្គម ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានជំរុញក៏ដូចជាដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀន។
បន្ថែមពីនេះ លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលអាចរក្សាបាននូវសុខសន្ដិភាព និងបន្ដការអភិវឌ្ឍ។
ក្នុងឱកាសនោះលោក សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ក៏បានប្រកាសឧបត្ថម្ភជូននូវអគារសិក្សា មួយខ្នង មាន៤បន្ទប់ ព្រមទាំងអគារទីចាត់ការមួយបន្ថែមទៀត ដល់សាលាបឋមសិក្សា នេត សាវឿន មានជ័យ ផងដែរ៕