ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាល ៖ស្នើឲ្យបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ

 

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំណើសុំទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។

តាមរយៈលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។

លិខិតដដែលបានបញ្ជាក់ថា តាមអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាត ឲ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។

«ដូច្នេះ ក្រសួងសុខាភិបាល សូមឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ មេត្តាជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឲ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ»៕