សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន នាពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំថែមទៀត។ ជាពិសេស ការចូលរួមរបស់ប្រធានក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ នឹងចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។
សម្តេចបានមានប្រសាសន៍បន្តថា នៅថ្ងៃទី២៣ ខែកក្កដា នេះ កម្ពុជានឹងរៀបចំការបោះឆ្នោតសកលនៅទូទាំងប្រទេស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសជាមិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតកិច្ចព្រមព្រៀង និងអនុស្សរណៈនានាជាមួយគ្នា និងបានបង្កើតគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរបានធ្វើរួមគ្នា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម ៕




