លោក អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាមន្រ្តីជាន់ខ្ពស់នៃគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានជំរុញឲ្យសហគ្រាសនៅកម្ពុជា(SME)ផ្នែកវេចខ្ចប់ត្រូវប្រើប្រាស់ម៉ាកសញ្ញាហាឡាល ដើម្បីបង្កើនទីផ្សារនាំចេញបន្ថែម។
លោក ហាស្សាន់ បានមានប្រសាសន៍ថា តាមពិតទៅជំនួបនិងសម្ព័ន្ធសមាគម សហ គ្រាសធុនតូចនិងមធ្យមកម្ពុជាបានជជែកពីសក្តានុពលសហគ្រាសនៅកម្ពុជា (SME) ហើយគួរតែដល់ពេលផលិតផលខ្មែរដាក់ម៉ាកសញ្ញាហាឡាលលើផលិតផលមាន ស្រាប់ ដើម្បីងាយស្រួលក្នុងការជំរុញទីផ្សារឲ្យបានធំទូលាយទៅកាន់ទីផ្សារ អន្តរជាតិ។
លោកបានបន្តទៀតថា កន្លងមកភ្ញៀវទេសចរមកទស្សនាកម្ពុជាតែងសួរកផលិតផលបញ្ជាក់ពីហាឡាល ដើម្បីងាយស្រួលក្នុងការបរិភោគ ប៉ុន្តែជាធម្មតាប្រទេសនៅក្នុងពិភពលោកសុទ្ធតែមានឧស្សាហកម្មហាឡាល ដូច្នោះកម្ពុជាគឺកំពុងតែបោះជំហានទៅមុខ នឹងអាចឈានដល់ការវិនិយោគលើឧស្សាហកម្មហាឡាលតែម្តង។
អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាល មានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជាមានភាពអនុគ្រោះជាងប្រទេសនានាជាច្រើន ដែលអាចទាក់ទាញការវិនិយោគពីក្រៅប្រទេសមកចាប់ដៃគូរជាមួយនិងសហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្មហាឡាលនៅកម្ពុជា។
សម្រាប់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានចាត់ទុកថា សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាស្វាគមន៍នូវគំនិតផ្តួចផ្តើមចង់លើកស្ទួយផលិតកម្មក្នុងស្រុកដែលមានស្រាប់ ហើយម៉ាកសញ្ញាហាឡាលនេះ ពិតជាមានសារសំខាន់ ក្នុងការលើកលើកស្ទួយទីផ្សារកសិផលខ្មែរបន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំដំណើរការត្រួតពិនិត្យផលិតផល ទំនិញ និងម្ហូបអាហារហាឡាល សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស នឹងនាំចេញទៅកាន់ពិភពលោក។
ចំណែកប្រទេសកម្ពុជាបានរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញការអភិវឌ្ឍអាហារហាឡាលឲ្យស្របតាមបទបញ្ញាត្តិ និងការអនុវត្តឲ្យស្របតាមស្តង់ដារបច្ចេកទេស ក្នុងការកសាងសេចក្តីទុកចិត្តដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ប្រភេទអាហារនេះនៅទូទាំងពិភពលោកផងដែរ។

