(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ដល់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សា និងអាជីវករ ក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុប ៩៧៦នាក់។
ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះ មន្ត្រីសាខា ក.ប.ប. បានធ្វើការពន្យល់ណែនាំ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងៗ ដល់សិស្សានុសិស្ស លោក-អ្នកគ្រូ និងអាជីវករ ឱ្យបានយល់ដឹង ហើយផលប្រយោជន៍សេដ្ឋកិច្ចនិងសុខុមាលភាពរបស់អ្នកគ្រប់គ្រប់គ្នាត្រូវបានការពារដោយបទប្បញ្ញត្តិទាំងនោះ ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាស្ថាប័នមានសមត្ថកិច្ច។ ជាមួយគ្នានេះដែរ មន្ត្រីយើងបានណែនាំដល់ក្មួយសិស្សានុសិស្សអំពីការជ្រើសរើសតែម្ហូបអាហារណាដែលមានគុណភាព និងសុវត្ថិភាពមកបរិភោគ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព នាំឱ្យខាតបង់ពេលវេលារៀនសូត្រ និងប្រាក់កាសថែមទៀតផង។