វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Doctor Job» ដែលស្ថិតក្រោមគម្រោង UNited for Youth Employment ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងទទួលអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាផ្លូវការ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា“ការដាក់ចេញនូវគម្រោងនេះ ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញដំណើរការទីផ្សារការងារកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការត្រៀមរៀបចំកម្លាំងពលកម្មដែលប្រកបដោយសក្តានុពល ការកសាងមាគ៌ាអាជីពច្បាស់លាស់ក្នុងជីវិត។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការជ្រើសរើសមុខជំនាញសិក្សាសមស្របតាមតម្រូវការទីផ្សារការងារ, ការស្វែងរកការងារដោយប្រសិទ្ធភាព, ពិសេសការត្រៀមលក្ខណៈចូលទីផ្សារការងារ និងបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល «ការងារ និងអាជីព» គឺជាសមាសធាតុដ៏សំខាន់បំផុត ក្នុងជីវភាពមនុស្សគ្រប់រូប។
លោករដ្ឋមន្រ្តីបានបន្ថែមថា«ការកសាងអាជីពត្រូវរៀបចំឲ្យបានលឿនតាំងពីក្មួយៗស្ថិតនៅក្នុងថ្នាលសិក្សា ដោយផ្តើមចេញពីដំណាក់កាលជាច្រើនដូចជា ការកំណត់គោលដៅសិក្សាការជ្រើសរើសមុខវិជ្ជាសិក្សា, ការស្វែងយល់ពីជំនាញដែលមានតម្រូវការក្នុងទីផ្សារការងារ ការស្រង់បទពិសោធន៍ពីពិភពការងារឬហាត់ធ្វើការងារ ការដឹងពីប្រភពការងារ ការប្រកួតប្រជែងយកឱកាសការងារ ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការរក្សាការងារដោយប្រើប្រាស់ជំនាញបច្ចេកទេស និង ជំនាញទន់ជាដើម។
លើសពីនេះ ភាពចាំបាច់នៅក្នុងការរៀបចំ និងកសាងផែនការអាជីពគឺ ដើម្បីកាត់បន្ថយគម្លាតបន្ទាប់ពីបញ្ចប់ការសិក្សារួចឈានចូលទៅក្នុងទីផ្សារការងារសំដៅទទួលបានការងារកាន់តែឆាប់រហ័ស និងប្រកបដោយភាពប្រកួតប្រជែង »។
សម្រាប់ លោក នីក បេរ៉េសហ្វត ប្រធានUNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធីសម្ពោធនោះថា “ការដាក់សម្ពោធ ខ្សែវីដេអូ Dr. Job នាថ្ងៃនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាង UNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ខ្សែវីដេអូ Dr. Job ទាំង៧វគ្គនេះ នឹងចូលរួមដោះស្រាយបញ្ហាគម្លាតជំនាញក្នុងចំណោមយុវជនកម្ពុជា ដែលរារាំងក្នុងទទួលបានការងារសមរម្យនៅក្នុងទីផ្សារការងារ ដែលមានដូចជាការរៀបចំផែនការអាជីព ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ជាដើម។”
ខ្សែវីដេអូ «Dr. Job» នេះនឹងដើរតួជាឧបករណ៍ជួយប្រឹក្សាយោបល់បំពេញបន្ថែមកាន់តែងាយស្រួលលើសពីវិធីសាស្ត្រធ្លាប់ប្រើកន្លងមកដោយ NEA ដែលតម្រូវឲ្យជួបមុខផ្ទាល់ជាឯកជន ឬជាក្រុមជាមួយសិស្ស និស្សិត និងអ្នកស្វែងរកការងារ ដើម្បីពិភាក្សាដោះស្រាយបញ្ហាការងារ និងការរៀបចំមាគ៌ាអាជីព។
NEA នឹងធ្វើការផ្សព្វផ្សាយខ្សែរឿងទាំងអស់ឲ្យបានជ្រួតជ្រាបទូលំទូលាយដល់មហាជន តាមគ្រប់មធ្យោបាយសំខាន់ៗ ដូចជាៈ គេហទំព័រ និងហ្វេសប៊ុក NEA, YouTube, ទូរទស្សន៍ និងបន្ទប់សោតទស្សន៍ នៅក្នុងមជ្ឈមណ្ឌលការងារភ្នំពេញ។
ខ្សែវីដេអូនេះ នឹងផលិតជាសាច់រឿងចំនួន ៧វគ្គ ដែលផ្តោតលើដំណាក់កាលផ្សេងៗ នៃការ រៀបចំផែនការអាជីព ដោយប្រធានបទនីមួយៗត្រូវបានដកស្រង់ចេញពីតម្រូវការជាក់ស្តែងដែលកើតមាន ចំពោះយុវជន និងក្នុងទីផ្សារការងារបន្ទាប់ពីបានធ្វើការសិក្សាអង្កេតយ៉ាងល្អិតល្អន់៕