សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាជាមួយលោកជំទាវ ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។
នៅក្នុងជំនួបនោះ លោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយបានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានិងជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគ
ជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។
សម្ដេចតេជោមបានជម្រាបជូនលោកជំទាវប្រធានរដ្ឋសភាឡាវថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង83% បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោតពីអាណត្តិមុនៗ។
សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រចំពោះគណបក្ស
ប្រជាជនកម្ពុជា មានជាង77%នៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន20 ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវ អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយនិងនាយករដ្ឋមន្ត្រីឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។
លោកជំទាវបានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះមានសារៈសំខាន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកជំទាវចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ឲ្យបានប្រសើរឡើងថែមទៀត៕