អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានចាត់ទុកថា វិនិយោគិនចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈលំហូរទុនវិនិយោគលើគម្រោងធំៗទាំងទីក្រុងភ្នំពេញនិងក្រុងព្រះសីហនុ ហើយកន្លងមកបានរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យសំណង់នៅកម្ពុជា។
លោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានវាយតម្លៃថា សំរាប់វិស័យសំណង់នៅកម្ពុជាបើគិតចាប់តាំងពីឆ្នាំ២០១៧ កន្លងទៅវិស័យនេះមានការរីកចម្រើនខ្លាំងទាំងនៅជនបទ និងទីក្រុង ហើយអ្វីដែលសំខាន់នោះមូលដ្ឋានគ្រឹះធំគឺ កត្តាសេដ្ឋកិច្ចនិងស្ថេរភាពនយោបាយល្អក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាំឲ្យមានគម្រោងថ្មីៗ នៅឆ្នាំ២០១៨នេះបានលេចជារូបរាងឡើងជាបន្តបន្ទាប់។
លោកបានមានប្រសាសន៍ថា«បច្ចុប្បន្ននេះនៅក្រុងព្រះសីហនុយើងវិញមានការរីកចម្រើនខ្លាំងជិតប្រហែលនិងនៅរាជធានីភ្នំពេញលើផ្នែកវិស័យសំណង់ និងអគារខ្ពស់ៗកំពុងតែរីកដុះដាល ដោយមានការវិនិយោគពីក្រុមហ៊ុនចិនកាន់តែច្រើន» ។
សម្រាប់អ្នកវិនិយោគខាងលើបានរំលឹកថា ទោះបីកន្លងមកមានការរិះគន់ពីស្ថានភាពនៃការវិនិយោគរបស់ក្រុមហ៊ុនចិនក៏ដោយ ប៉ុន្តែទោះយ៉ាងណា សម្រាប់ក្រុងព្រះសីហនុមិនមែនជាទីក្រុងម៉ាកាវទី២ ដូចការលើកឡើង នាពេលកន្លងទៅទេ ពោលខេត្តមួយនេះគឺ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរខេត្ត។
សម្រាប់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានទទួលស្គាល់ថា ក្នុងនាមអ្នកវិនិយោគនិងសភាពាណិជ្ជកម្មកម្ពុជាគឺសូមស្វាគមន៍ ចំពោះការវិនិយោគចិនមកកាន់ប្រទេសកម្ពុជាហើយបើសិនមានលំហូរវិនិយោគមកពីប្រទេសចិនកាន់តែច្រើននឹងនាំមកអភិវឌ្ឍប្រទេសកម្ពុជា។
លោកបានថ្លែងបញ្ជាក់ថា«ជាយុទ្ធសាស្រ្ត តាមរយៈសភាពាណិជ្ជកម្មយើងគឺ តែងតែទាក់ទាញអ្នកវិនិយោគធំៗមកពីបណ្តាប្រទេសនានាជាពិសេសនោះ អ្នកវិនិយោគមកពីប្រទេសចិនតែម្តង ដែលកំពុងតែស្វែងរកឱកាសនិងដៃគូរវិនិយោគនៅកម្ពុជា»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បង្ហាញថា នៅឆ្នាំ២០១៧កន្លងទៅកម្ពុជាទទួលបានកំណើនវិនិយោគបរទេសសរុប៥,២ប៊ីលានដុល្លារអាមេរិក បន្ទាប់ពីកម្ពុជាបានអនុម័តគម្រោងវិនិយោគធំៗចំនួន១១៧ គម្រោងកើនឡើងរហូតដល់ទៅ ៤៤% មានក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងទូរគមនាគមន៍។
សម្រាប់ទំហំវិនិយោគចិនមកកម្ពុជានៅឆ្នាំ២០១៧វិញមានចំនួន ១,៤៣ប៊ីលានដុល្លារអាមេរិកស្មើ ២៧% នៃវិនិយោគបរទេសសរុបហើយចំនួននេះបានកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ មានទំហំចំនួន៧៤៨លានដុល្លារអាមេរិក៕