អគ្គមេបញ្ជាការរងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Mohammad Saleh Jokar បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយ ទាំងមីស៊ីល និងគ្រឿងសព្វាវុធផ្សេងទៀត ក្នុងការវាយបកទៅលើអាមេរិកវិញ ប្រសិនបើមេដឹកនាំអាមេរិកសម្រេចចិត្តខុសដោយហ៊ានប៉ះពាល់អ៊ីរ៉ង់មុន ។
លោក Mohammad Saleh Jokar បានបន្ថែមថា កងកម្លាំងឆ្មាំបដិវត្តន៍ ប្រើតែមីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួន ក៏អាចបំផ្លាញនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធអាមេរិកនៅឈូងសមុទ្រ ពែក្ស (Persian gulf) បានយ៉ាងងាយដែរ ។
រហូតដល់ថ្ងៃសុក្រ ទី១៧ ខែឧសភានេះ អាមេរិកបានបញ្ជូននាវាពិឃាតទាំងពីរគ្រឿង គឺនាវា USS Gonzalez (DDG-66) និងនាវា USS McFaul (DDG-74) នាវាដឹកយន្តហោះចម្បាំង USS Ibraham Lincoln ក្រុមនាវាប្រយុទ្ធ Strike Group យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 និងប្រព័ន្ធមីស៊ីល Patriots នៅតំបន់មជ្ឈមបូព៌ា ក្នុងការត្រៀមវាយប្រហារលើអ៊ីរ៉ង់ ៕