ភ្នំពេញ: លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ បានធ្វើទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មរបស់ក្រុមហ៊ុននំស្រួយលីលី ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេស (niche market) របស់ខ្លួន។

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងជាក្រុមហ៊ុនខ្នាតតូចក្នុងឆ្នាំ ២០០២ ដោយមានបុគ្គលិកត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន បានរីកចម្រើនរហូតមានរោងចក្រផលិតចំនួន២ កន្លែង មានបុគ្គលិកជាង ៥០០ នាក់ និងផលិតនាំចេញទៅកាន់ប្រទេសចំនួន១៣។
ឧកញ៉ា កែវ មុំ បានបន្តថា៖ «ការរីកចំរើនរបស់យើងក៏ដោយសារមានការជួយជ្រោមជ្រែងគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់តាំងពីឆ្នាំ ២០០៥ មក ជាពិសេសពីមជ្ឈមណ្ឌលផលិតភាពជាតិ»។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចលើកដំបូង ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងតួនាទីជារដ្ឋមន្ត្រី ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ដែលបានក្លាយជាគំរូបង្ហាញថា “ខ្មែរធ្វើបាន, សហគ្រិនកម្ពុជាធ្វើបាន” សម្រាប់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុននំស្រួយ លីលី លោករដ្ឋមន្ត្រី បានលើកឡើងថា៖ «ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុនចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេសរបស់ខ្លួន ឧទាហរណ៍ ដោយការផលិតនំប្រពៃណីខ្មែរ និងផលិតផលផ្សេងទៀត ដែលបំពេញតាមតម្រូវការដែលផ្តោតកាន់តែខ្លាំងលើគុណភាព សុខភាព និងបរិស្ថាន ជាពិសេសក្នុងទីផ្សារនាំចេញ» ។

លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងត្រៀមគាំទ្រ និងសម្រួលដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មចំណីអាហាររបស់កម្ពុជា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទិញវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីរួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងគាំទ្រដល់ជីវភាពរបស់កសិករ និងសហគមន៍របស់ពួកគេ។



