ភ្នំពេញ: ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បាន យាងនិវត្តន៍ ពីសាធារណរដ្ឋបារាំង មកកាន់មាតុប្រទេ សវិញ ប្រកបដោយព្រះរាជជោគជ័យ និងព្រះរាជសុវត្ថិ ភាព នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយ សឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមនិងឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច លោក លោកស្រី ជាឥស្សរជនជាតិ ព្រះញាតិវង្ស និងអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០ ២៣ តបតាមការសូមយាងរបស់ លោកស្រី Emmanuel MACRON ប្រធានាធិបតី បារាំង។
ព្រះរាជទស្សនកិច្ចនេះ បាននាំមកនូវព្រះរាជជោគជ័យជាច្រើនជូនជាតិមាតុភូមិ ដូចជាការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងឱ្យកាន់តែជិតស្និទ្ធរឹងមាំឡើង ការផ្សព្វផ្សាយ អភិរក្សសម្បត្តិបេតិកភណ្ឌ វប្បធម៌ អរិយធម៌និងប្រពៃណីខ្មែរជូនដល់ពិភពលោក និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា និងអង្គការយូណេស្កូ។
តាមរយៈ ជំនួបសវនាការរវាង ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel MACRON ការយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ការប្រទានព្រះរាជសវនាការជូន លោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ជាដើម។
សូមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះអង្គ ទ្រង់ប្រកប ដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕
