ភ្នំពេញ: កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានគណៈប្រតិភូសភាដែលជាសមាជិកចំនួន ១៩ ប្រទេសអញ្ជើញចូលរួម។
លោក នូម៉ាន គូទូមូស ប្រធានរដ្ឋសភាតួកគី និងជា APA បានថ្លែងបានថ្លែងសុន្ទរកថាបើក ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូសភាសមាជិក APA ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានប្តេជ្ញាក្នុងការពង្រឹងតួនាទីរបស់ APA ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជម្លោះនានា ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។
លោក វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិកាធិបតី ប្រធានរដ្ឋសភា បានដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នេះ ដែលសមាសភាពគណៈប្រតិភូចូលរួមអមដំណើររួមមាន លោក កែវ ពិសិដ្ឋ លេខាធិកាគណៈកម្មការទី៦នៃរដ្ឋសភា និង លោក ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា និងមន្ត្រីជំនាញមួយចំនួនទៀត។
បន្ទាប់ពីពិធីបើកជាផ្លូវការនេះ ក្រុមប្រឹក្សាប្រតិបត្តិ APA នឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យពិភាក្សាលើករបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមមានដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, គណៈ កម្មាធិការអចិន្ត្រៃយ៍ថវិការ និងផែនការ, គណៈកម្មាធិកាអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌, គណៈកម្មាធិការអចិន្ត្រៃយ៍សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។
សេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការអចិន្ត្រៃ យ៍នីមួយៗ រួមទាំងបញ្ហាផ្សេងៗទៀត នឹងត្រូវបានពិនិត្យពិភាក្សា ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់មហាសន្និបាត APA លើកទី១៤ ធ្វើការអនុម័ត នាពេលខាងមុខ។
គួររំលឹកថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរដ្ឋសភានៃសាធារណរដ្ឋតួកគី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ។
