ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែឧសភានេះបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា UN-ESCAP ក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» តបតាមការអញ្ជើញរបស់ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សន្និបាតនេះ ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានគោរពអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាត ដោយផ្តោតជាសំខាន់ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប៕


