សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព។
លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និងឯកឧត្តម សុង តាវ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះ ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងសហគមន៍មួយ ជោគវាសនាមួយ ដែលបានចុះហត្ថលេខានៅពេលកន្លងមក។
ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក វ៉ាង យ៉ាជុន នាពេលនេះ គឺដើម្បីជំរុញនឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។
លោកបានបញ្ជាក់ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត។ ចំពោះឯកសារទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិននា គឺនឹងជំរុញទំនាក់ទំនរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត ជាពិសេសគឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ និងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។
លោក យ៉ាជុន បានបញ្ជាក់ថា ចិននៅតែបន្តជំរុញការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជាលើគ្រប់វិស័យ៕


