(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកJoseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលលើកទី៥ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងយុវជន។
កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីពិនិត្យលទ្ធផលគម្រោងស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២ និងត្រៀមផែនការអនុវត្តគម្រោងដំណាក់កាលទី៣។
ក្នុងនោះសហប្រធានទាំងពីរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះបទបង្ហាញស្តីពីសមិទ្ធផលដំណាក់កាលទី២ដែលបង្ហាញឡើងដោយក្រុមលេខាធិការដ្ឋាន។ ក្រោយស្តាប់បទបង្ហាញ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសមិទ្ធិផលក្នុងដំណាក់កាលទី២លើគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា។
ដើម្បីឱ្យគម្រោងដំណាក់កាលទី៣ កាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមការងារលេខាធិការដ្ឋាន និងដៃគូរអភិវឌ្ឍន៍ទាំងអស់បន្តធ្វើការរួមគ្នាបន្ថែមទៀតធ្វើយ៉ាងណាឱ្យគម្រោងដំណាក់កាលទី៣ស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅជាអាទិភាពក្នុងការធានាពីប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ក្រុមគោលដៅដែលត្រូវការយកចិត្តទុកដាក់បន្ថែម៕
#MLVT #HENGSour