រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខារួចហើយ លើសេចក្តីសម្រេចក្នុងការបញ្ជូនកងទ័ពអាមេរិកចំនួន១៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ។
មន្ត្រីទីបញ្ជាការកណ្តាលអាមេរិក បានឲ្យដឹងថា ក្នុងចំណោមកងទ័ពអាមេរិកទាំង១៥០០នាក់នោះ គឺ៦០០នាក់ត្រូវបញ្ជូនទៅកាន់ទីតាំងប្រព័ន្ធខែលការពារមីស៊ីល Patriots ចំនួន៤កន្លែង និង៩០០នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ភាពតានតឹង និងការប្រឈមមុខគ្នាខាងកងកម្លាំងយោធា រវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើនឡើងដដែល ៕
