ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មូលនិធីគីណាល់ រកឃើញនិស្សិតម្ចាស់ជ័យលាភីពានរង្វាន់ត្នោតមាស “Thnot d’Or » លើកទី២ ឆ្នាំ២១០៩

ភំ្នពេញ៖ មូលនិធីគីណាល់បានរកឃើញនិស្សិតជ័យលាភីចំនួនបីក្រុមម្ចាស់ស្នាដៃអត្ថបទស្រាវជ្រាវផ្នែកកសិ-ចំណីអាហារសម្រាប់ពានរង្វាន់ត្នោតមាស “Thnot d’Or » លើកទី២ ឆ្នាំ២១០៩ ។ដែលប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណស្នាក់ការរបស់មូលនិធិគីណាល់ (សហគ្រាសផលិតឱសថ ប៉េប៉េអឹម) ក្បែររង្វង់មូលចោមចៅ។

ចំណាត់ថ្នាក់របស់ពួកគេមានដូចខាងក្រោម ១. «ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់» របស់ក្រុមនិស្សិតមកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
២. «ការផលិតប្រហិតបន្លែ» របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
៣. «អត្ថប្រយោជន៍ ដែលបានមកពីការកែច្នៃសាច់ដូង» របស់និស្សិតនៃសាលាជាតិកសិកម្មខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានរង្វាន់គីណាល់ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះនៅឆ្នា២០១៩ នេះ មូលនិធិគីណាល់ បានរៀបចំឲ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវលើវិស័យកសិកម្ម និងចំណីអាហារ ដើម្បីឈានទៅដណ្តើម «ពានរង្វាន់ត្នោតមាស (Thnot d’Or) លើកទី២ ឆ្នាំ ២០១៩» ។

វគ្គផ្តាច់ព្រ័ត្រនៃ «ពានរង្វាន់ត្នោតមាស(Thnot d’Or) លើកទី២ឆ្នាំ ២០១៩» មាននិស្សិតចំនួន៦ក្រុម មកពីគ្រឹះស្ថានសិក្សានានាដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មខេត្តកំពង់ចាម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន Saint-Paul ក្នុងខេត្តតាកែវ ។

ប្រធានបទសំខាន់ៗដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គចុងក្រោយ«ពានរង្វាន់ត្នោតមាស(Thnot d’Or) លើកទី២ឆ្នាំ ២០១៩» នេះមានដូចខាងក្រោម ១. «ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់» របស់ក្រុមនិស្សិតមកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
២. «ការផលិតប្រហិតបន្លែ» របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
៣. «ការកែច្នៃសាច់ដូង» របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ។
៤. «អត្ថប្រយោជន៍ ដែលបានមកពីការកែច្នៃសាច់ដូង» របស់និស្សិតនៃសាលាជាតិកសិកម្មខេត្តកំពង់ចាម។
៥. «កែលម្អគុណភាពផ្លែខ្នុរ» របស់ក្រុមនិស្សិតមកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ។
៦. «គុណប្រយោជន៍ និងស្ថេរភាពនៃប្រព័ន្ធផលិតដែលគោរពបរិស្ថាន និងលើកកម្ពស់កម្រិតជីវភាពកសិករខ្មែរ» របស់ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មផ្នែកក្សេត្រសាស្រ្ត ។

ពានរង្វាន់ត្នោតមាស (Thnot d’Or) ត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨ ដោយ មូលនិធិគីណាល់ ដើម្បីលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវក្នុងវិស័យ កសិ-អាហារ និងបង្កើតគំនិតច្នៃប្រឌិតដល់និស្សិតក្នុងការចូលរួមកែច្នៃកសិផលរបស់កសិករ និងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការរៀបចំឲ្យមានការប្រកួតនៅឆ្នាំទី២នេះ មាននិស្សិតដាក់ពាក្យចូលរួមប្រកួតច្រើនជាងឆ្នាំមុន។ នាឆ្នាំ២០១៩ នេះ មាននិស្សិតចំនួន ២៧ ក្រុមបានចុះឈ្មោះចូលរួមការប្រកួត ដែលក្នុងនោះមាន ៨ ក្រុមមកពីវិទ្យាស្ថានបច្ចេកទេសកម្ពុជា,១៣ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម,១ក្រុមមកពីសាលាកសិកម្មព្រែកលៀប, ២ក្រុមមកពីវិទ្យាស្ថានសន្តប៉ូលខេត្តតាកែវ និង៣ក្រុមទៀតមកពីសាលាជាតិកសិកម្មខេត្តកំពង់ចាម។
គណៈមេប្រយោគនៅឆ្នាំ២០១៩នេះ ដឹកនាំដោយលោក សុខ សារ៉ង (មកពីស្ថាប័នចេញវិញ្ញាបនបត្រអន្តរជាតិ Ecocert), សមាជិកគណៈមេប្រយោគមានដូចជាអ្នកស្រី អេឡែន អូប្រ៊ី លោក រ័ត្ន សារ៉ា (មកពីក្រសួងអប់រំយុវជន និងកីឡា) លោក ម៉ាក់ សឿន (មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) និងលោក ហ្វីលីព ម៉ូណាំង (មកពីក្រុមហ៊ុន SIAT)

សម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ នឹងត្រូវធ្វើឡើងនៅក្នុងបរិវេណស្នាក់ការរបស់មូលនិធិគីណាល់ក្បែររង្វង់មូលចោមចៅ ចាប់ពីម៉ោង ៨:០០ ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដោយនិស្សិតទាំងប្រាំមួយក្រុម ត្រូវធ្វើបទបង្ហាញពីការងារសិក្សាស្រាវជ្រាវរបស់ពួកគេដោយផ្ទាល់មាត់ និងត្រូវឆ្លើយសំណួររបស់គណៈមេប្រយោគ។
នៅចុងបញ្ចប់នៃបទបង្ហាញរបស់ក្រុមនិស្សិត គណៈមេប្រយោគ នឹងធ្វើជ្រើសរើសក្រុមអ្នកឈ្នះចំនួនបីក្រុម ហើយពួកគេនឹងត្រូវឡើងមកទទួលរង្វាន់នៅក្នុងការប្រារព្ធ ពិធីផ្លូវការនៅពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់បានពន្យល់ថា៖ «មូលនិធិគីណាល់បានបង្កើតពានរង្វាន់គីណាល់រួចហើយតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដើម្បីចូលរួមលើកស្ទួយដល់ការសិក្សាស្រាវជ្រាវ និងគំនិតច្នៃប្រឌិតនៅក្នុងវិស័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត។ ខ្ញុំចង់ឲ្យមូលនិធិនេះមានតួនាទីដូចគ្នានៅក្នុងវិស័យកសិកម្ម ពីព្រោះខ្ញុំជឿជាក់ថា ការអភិវឌ្ឍន៍នៅទីជនបទនៅកម្ពុជា ធ្វើឲ្យយើងបង្កើតបាននូវតម្លៃបន្ថែមលើគ្រប់ផលិតផលទាំងអស់របស់យើង»។

សម្រាប់ក្រុមនិស្សិតជ័យលាភី ក្រុមចំណាត់ថ្នាក់លេខ១ នឹងទទួលបានពានចំនួន១ និងទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល លេខ២ នឹងទទួលបានពានចំនួន១ និងទឹកប្រាក់ចំនួន ២,០០០,០០០ រៀល និងលេខ៣ នឹងទទួលបានពានចំនួន១ និងទឹកប្រាក់ចំនួន ១,០០០,០០០ រៀល។ ចំណែកនិស្សិតបីក្រុមផ្សេងទៀតដែលពុំបានជាប់ពានរង្វាន់នឹងទទួលបានប្រាក់លើកទឹកចិត្តក្នុងមួយក្រុមៗ ចំនួន ៤០០ ០០០ រៀលផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ត្នោតមាស (Thnot d’Or) ត្រូវបានផ្តួចផ្តើមឡើងដោយស្ថាបនិកក្រុមហ៊ុនខនហ្វីរេល លោកឱសថបណ្ឌិតហៃ លីអ៊ាង និងរៀបចំដោយមូលនិធិគីណាល់សហការឧបត្ថមដោយទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (AFD) និងមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំយុវជន និងកីឡា៕