ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ការវិវត្តបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ នឹងបណ្តាលឱ្យបាត់បង់ការងាររបស់យុវជនផងដែរ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារ។
លោក អុិត សំហេង បានថ្លែងបែបនេះក្នុងពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ក្នុងគោលបំណង គឺដើម្បីបង្កើតជាវេទិកាមួយសម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយ តំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស័្វយប្រវត្តិកម្ម បានបង្ហាញថា ៥៦% នៃការងារសរុបនៅក្នុងប្រទេសអាស៊ានចំនួន ៥ នឹងប្រឈមហានិភ័យខ្ពស់ទៅនឹងការធ្វើស្វ័យប្រវត្តិកម្ម ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ក្នុងនោះប្រទេសកម្ពុជាមានអត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និងវៀតណាម ៧០%។
យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីការអង្កេតអនាគតនៃការងារ នៅឆ្នាំ២០១៨ មកទល់ពេលបច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យានេះ មិនទាន់បណ្តាលឱ្យមានការកាត់បន្ថយការងារជាទូទៅនៅទ្បើយទេ។ ខណៈការផ្លាស់ប្តូរនេះ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើវិស័យមួយចំនួន ប៉ុន្តែវាក៏បានបង្កើតការងារថ្មីៗជាច្រើនដោយផ្ទាល់ និងដោយប្រយោលនៅក្នុងវិស័យ និងមុខរបរផ្សេងៗផងដែរ។
បច្ចុប្បន្ន ប្រទេសកម្ពុជាមានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំចំនួន ៤៩.៥% នៃប្រជាជនសរុប ហើយមានអត្រាយុវជនអាយុ១៥-២៤ឆ្នាំចំនួន ២៨.៩% នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ១៥-៦៤ឆ្នាំ) ដែលអត្រានេះបានធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានប្រជាជនវ័យក្មេង។ ក្នុងន័យនេះ កម្លាំងពលកម្មជាពិសេសយុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។
ដោយបានយល់ឃើញអំពីបញ្ហាប្រឈមខាងលើ និងសក្តានុពលផ្នែកប្រជាសាស្ត្ររបស់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៦ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅធានាកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចីរភាព តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាព នៅក្នុងតំបន់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងចាប់យកឱកាស ក៏ដូចជាជម្នះរាល់ផលអវិជ្ជមាននៃបដិវត្តឧស្សាហកម្មទី៤ ព្រមទំាងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

